ញ៉ាំសាច់ជ្រូកអាំង
ញ៉ាំសាច់ជ្រូកអាំង គឺជាមុខម្ហូបមួយមុខដែលងាយស្រួលធ្វើប្រើរយៈពេលខ្លីដោយគ្រាន់តែដាក់បញ្ចូលគ្រឿងចូលគ្នាជាការស្រេច។ គ្រឿងផ្សំដែលត្រូវការជាចាំបាច់គឺសាច់ជ្រូក អ្នកអាចប្រើប្រាស់សាច់ផ្សេងជំនួសក៏បាន ដូចជាសាច់មាន់ សាច់គោ ហើយសូម្បីតែសាច់អាំងដែលសល់ពីមុន ក៏អាចយកមកប្រើការបានដែរ។ ប៉ុន្តែដោយសារតែយើងត្រូវដាក់ម្ទេសអោយហិរខ្លាំង ដូច្នេះយើងមិនគួរប្រើប្រាស់សាច់ដែលអាំងប្រឡាក់ជាមួយគ្រឿងបុកទេ។ ជីដែលយើងអាចប្រើប្រាស់បានសម្រាប់ញ៉ាំមួយនេះគឺ ជីអង្កាម ប៉ុន្តែអ្នកអាចប្រើប្រាស់ជីផ្សេងទៀតតាមចំនង់ចំនូលចិត្តដូចជា ជីនាងវង ស្លឹកកំភ្លូ ឬជីស្លឹកល្អិត ក៏បាន។ យើងអាចប្រើប្រាស់ចំរៀកស្ពៃក្តោបធ្វើជាបន្លែ ម្យ៉ាងវិញទៀតយើងអាចប្រើប្រាស់សាឡាត់ ដើម្បីខ្ចប់ទទួលទានជាមួយទឹកជ្រលក់ ហើយយើងក៏អាចបន្ថែមនំបញ្ចុកដើម្បីខ្ចប់ជាមួយគ្នាក៏បាន។
គ្រឿងផ្សំ៖
- ស្ករត្នោត
- ទឹកក្រូចឆ្មារ
- ទឹកត្រី
- ខ្ទឹមសចិញ្រ្ចាំ
- ម្ទេសខ្មាំង ហាន់តូចៗ
- សាច់ជ្រូក ប្រឡាក់ជាមួយអំបិល ម្ស៉ៅស៊ុប និង ម្រេច
- ស្ពៃក្តោបហាន់ជាសរសៃចម្រៀកតូចៗ
- ជី និង ចំនិតក្រូចឆ្មារដើម្បីជាការតុបតែង
វិធីធ្វើ៖
អាំងសាច់ជ្រូកអោយឆ្អិន ហើយហាន់ជាបន្ទះស្តើងៗ រួចទុកមួយអន្លើ។ ដើម្បីធ្វើជាទឹកសម្រាប់ញ៉ាំ យើងដាក់ ស្ករត្នោត ទឹកក្រូចឆ្មារ ទឹកត្រី ម្ស៉ៅស៊ុប ទៅក្នុងចានគោមមួយរួចកូរទាល់តែស្កររលាយ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូល ជាមួយនឹងម្ទេស ភ្លក់មើលទៅតាមចំនង់ចំនូលចិត្ត តែគួរតែមានរសជាតិជូរ និងហិរ។ បន្ទាប់មកដាក់សាច់ជ្រូកអាំងដែលហាន់ហើយច្របល់ចូលគ្នាជាមួយទឹកញ៉ាំ ជាការស្រេច។ ដើម្បីរៀបចំទទួលទាន រៀបសរសៃស្ពៃក្តោបមួយចំហៀង រួចដួសសាច់ជ្រូកដែលញ៉ាំហើយដាក់ទៅមួយចំហៀង រួចស្រោចទឹកញ៉ាំដែលនៅសល់ពីលើ បង្ហើយជាមួយ ជី និង ចំនិតក្រូចឆ្មារ។
ដោយ៖ ចុងភៅមុខខ្មៅ
Leave a Comment